Revelation of John 2

1«ចូរ​សរសេរ​ទៅ​ទេវតារបស់ក្រុមជំនុំនៅ​ក្រុង​អេភេសូរថា​ព្រះអង្គ​ដែលកាន់ផ្កាយ​ទាំង​ប្រាំពីរនៅ​ព្រះហស្ដ​ស្ដាំ​ហើយ​ដែលយាងដើរនៅកណ្ដាលជើងចង្កៀងមាស​ទាំង​ប្រាំពីរមាន​បន្ទូល​ដូច្នេះ​ថា 2យើងស្គាល់ការប្រព្រឹត្ដិការនឿយហត់ព្រមទាំងការស៊ូទ្រាំ​របស់​អ្នក​ហើយ​ទាំង​ដឹង​ថា​អ្នកមិនអាចទ្រាំទ្រ​នឹង​ពួក​មនុស្ស​អាក្រក់បានឡើយ​។​​អ្នក​បាន​ល្បងល​ពួក​អ្នក​ដែលហៅខ្លួនឯងថា​ជា​សាវកប៉ុន្ដែ​ពួកគេ​មិន​មែន​ជា​សាវក​ទេ​គឺ​អ្នក​បាន​ឃើញថា​ពួកគេ​ជា​អ្នកភូតភរ​វិញ។ 3អ្នកបានអត់ធ្មត់ហើយស៊ូទ្រាំដោយព្រោះឈ្មោះ​របស់​យើងឥតនឿយណាយឡើយ 4ប៉ុន្ដែយើង​ប្រកាន់​នឹងអ្នក​អំពី​សេចក្ដី​នេះ​គឺ​អ្នក​បាន​បោះ​បង់​ចោល​សេចក្ដី​ស្រលាញ់ដើម​របស់​អ្នក​ហើយ។ 5ដូច្នេះចូរ​នឹកចាំ​ពី​កន្លែង​ដែល​អ្នក​បាន​ធ្លាក់ចុះរួចប្រែចិត្ដហើយប្រព្រឹត្ដអំពើ​ដែល​អ្នក​ធ្លាប់​ប្រព្រឹត្ដ​កាល​ពីដើម​នោះ​វិញ​បើមិន​ដូច្នេះ​ទេ​យើង​នឹង​មក​ឯ​អ្នកហើយដក​យក​ជើងចង្កៀង​របស់​អ្នកចេញពីកន្លែង​របស់​វាលើកលែងតែ​អ្នក​ប្រែចិត្ដ 6ប៉ុន្ដែអ្នក​មាន​សេចក្ដី​នេះ​គឺ​អ្នក​ស្អប់​ការ​ប្រព្រឹត្ដិរបស់​ពួក​នីកូឡាសដែល​យើង​ក៏​ស្អប់ដែរ 7អ្នកណាមានត្រចៀក​ចូរ​ស្ដាប់​សេចក្ដី​ដែល​ព្រះ​វិញ្ញាណមានបន្ទូល​មកកាន់​ក្រុមជំនុំទាំងនោះចុះ។ ​អ្នកណាមានជ័យជម្នះ​យើង​នឹង​ឲ្យអ្នកនោះបរិភោគពីដើមជីវិតដែលនៅស្ថានសួគ៌​ជា​ស្ថាន​របស់​ព្រះជាម្ចាស់»។ 8«ចូរ​សរសេរទៅទេវតា​របស់​ក្រុមជំនុំនៅ​ក្រុង​ស្មឺណាថា​ព្រះ​ដ៏​ជា​មុនគេនិង​ជា​ក្រោយគេដែល​បាន​ស្លាប់ហើយរស់​ឡើង​វិញមានបន្ទូល​ដូច្នេះ​ថា 9យើងស្គាល់សេចក្ដីវេទនានិង​ភាព​ក្រីក្រ​របស់​អ្នកហើយប៉ុន្ដែ​អ្នក​ជា​អ្នក​មានវិញហើយ​យើង​ស្គាល់​ការជេរប្រមាថរបស់​ពួក​អ្នក​ដែលហៅខ្លួនថាជា​ជនជាតិ​យូដា​ដែរ​ប៉ុន្ដែ​ពួកគេ​មិន​មែន​ជា​ជនជាតិ​យូដា​ទេគឺ​ជា​ក្រុមជំនុំរបស់​អារក្ស​សាតាំងវិញ 10កុំខ្លាចសេចក្ដីដែល​អ្នករាល់គ្នា​ត្រូវ​រងទុក្ខ​នោះ​ឡើយមើល៍អារក្សសាតាំងបម្រុងនឹងបោះ​អ្នក​ខ្លះ​ក្នុងចំណោមអ្នករាល់គ្នាទៅក្នុងគុក​ហើយ​ដើម្បីល្បងល​អ្នករាល់គ្នា​ហើយ​អ្នករាល់គ្នា​នឹងត្រូវរងទុក្ខវេទនា​អស់​រយៈពេល​ដប់ថ្ងៃ។ ​ចូរ​ស្មោះត្រង់រហូតដល់ស្លាប់ចុះ​នោះ​យើង​នឹង​ឲ្យមកុដ​នៃ​ជីវិត​ដល់​អ្នក 11អ្នកណាមានត្រចៀក​ចូរ​ស្ដាប់​សេចក្ដី​ដែល​ព្រះ​វិញ្ញាណមានបន្ទូល​មក​កាន់​ក្រុមជំនុំទាំងនោះ​ចុះ។ ​អ្នកណាមានជ័យជម្នះ​សេចក្ដី​ស្លាប់ទីពីរ​នឹង​ធ្វើទុក្ខ​អ្នក​នោះមិន​បាន​ឡើយ»។ 12«ចូរ​សរសេរ​ទៅ​ទេវតារបស់ក្រុមជំនុំនៅ​ក្រុង​ពើកាម៉ុសថា​ព្រះអង្គ​ដែលមានដាវមុខពីរ​ដ៏​មុតមានបន្ទូល​ដូច្នេះ​ថា 13យើងស្គាល់កន្លែងដែល​អ្នក​រស់នៅ​ហើយ​គឺ​ជា​កន្លែងដែល​មាន​បល្ល័ង្ករបស់​អារក្ស​សាតាំងប៉ុន្ដែ​អ្នក​នៅតែ​ស្មោះស្ម័គ្រ​នឹង​ឈ្មោះ​របស់​យើងហើយមិន​បាន​លះបង់ចោលជំនឿ​លើ​យើងឡើយទោះបី​ជា​ក្នុងពេល​ដែល​អាន់ទីប៉ាស​ជា​សាក្សីដ៏ស្មោះត្រង់​របស់​យើង​ត្រូវ​គេ​សម្លាប់នៅក្នុងចំណោមអ្នករាល់គ្នាជា​កន្លែង​ដែល​អារក្ស​សាតាំងនៅ​នោះ​ក៏ដោយ 14ប៉ុន្ដែយើង​ប្រកាន់​នឹងអ្នក​អំពី​សេចក្ដីខ្លះពីព្រោះ​ក្នុង​ចំណោម​អ្នក​មាន​អ្នក​ដែល​កាន់តាមសេចក្ដីបង្រៀន​របស់​បាឡាមដែល​បាន​បង្រៀនបាឡាក​ឲ្យ​ដាក់អន្ទាក់នៅពីមុខ​ពួក​កូនចៅអ៊ីស្រាអែល​ដើម្បី​នាំ​ពួកគេ​ឲ្យ​បរិភោគសំណែន​ដល់​រូប​ព្រះហើយ​ឲ្យ​ប្រព្រឹត្ដ​អំពើ​អសីលធម៌ខាងផ្លូវភេទ 15ហើយក្នុង​ចំណោម​អ្នក​ក៏មាន​អ្នក​ដែល​កាន់តាមសេចក្ដីបង្រៀនរបស់​ពួក​នីកូឡាសយ៉ាង​ដូច្នោះ​ដែរ 16ដូច្នេះចូរ​ប្រែចិត្ដបើមិន​ដូច្នោះ​ទេ​យើង​នឹង​មក​ឯ​អ្នកយ៉ាងឆាប់ហើយច្បាំងនឹងពួកគេដោយដាវ​ដែល​ចេញ​ពី​មាត់​របស់​យើង 17អ្នកណាមានត្រចៀក​ចូរ​ស្ដាប់​សេចក្ដី​ដែល​ព្រះ​វិញ្ញាណមានបន្ទូល​មក​កាន់​ក្រុមជំនុំទាំងនោះចុះ។ ​អ្នកណាមានជ័យជម្នះ​យើង​នឹង​ឲ្យនំម៉ាណា​ដែល​បាន​លាក់ទុក​ដល់​អ្នក​នោះ​ហើយ​យើង​នឹង​ឲ្យក្រួស​មួយ​ដល់​អ្នកនោះនៅលើក្រួសនោះ​មាន​សរសេរឈ្មោះថ្មី​មួយ​ដែលគ្មាន​អ្នកណា​ស្គាល់ឡើយលើកលែងតែ​អ្នក​ដែល​បាន​ទទួលប៉ុណ្ណោះ»។ 18«ចូរ​សរសេរទៅទេវតារបស់ក្រុមជំនុំនៅ​ក្រុង​ធាទេរ៉ាថា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់ដែលមាន​ព្រះ​នេត្រដូចជាអណ្ដាតភ្លើងនិងបាទាដូចជាលង្ហិន​ដ៏​ភ្លឺ​រលោងមានបន្ទូល​ដូច្នេះ​ថា 19យើងស្គាល់ការប្រព្រឹត្ដិ​សេចក្ដី​ស្រលាញ់ជំនឿការបម្រើនិងការស៊ូទ្រាំ​របស់​អ្នកហើយ​ទាំង​ដឹង​ថា​ការប្រព្រឹត្ដិ​របស់​អ្នក​នៅ​គ្រា​ចុង​ក្រោយ​នេះ​ប្រសើរ​ជាង​មុន​ទៅ​ទៀត 20ប៉ុន្ដែយើង​ប្រកាន់​នឹងអ្នក​អំពី​សេចក្ដី​នេះ​គឺ​អ្នក​បាន​បណ្ដោយឲ្យយេសិបិល​ជា​ស្រ្ដីដែលហៅខ្លួនឯងថា​ជា​អ្នក​នាំ​ព្រះ​បន្ទូលបង្រៀន​ហើយ​នាំ​ពួក​បាវបម្រើរបស់យើង​ឲ្យ​វង្វេង​ទៅ​ប្រព្រឹត្ដ​អំពើ​អសីលធម៌ខាងផ្លូវភេទនិងបរិភោគសំណែន​ដល់​រូប​ព្រះ​ទៀត​ផង 21យើងបាន​ផ្ដល់ឱកាសឲ្យ​នាង​ប្រែចិត្ដប៉ុន្ដែនាងមិនចង់ប្រែចិត្ដពីអំពើអសីលធម៌ខាងផ្លូវភេទ​របស់​នាងឡើយ 22មើល៍យើង​នឹង​បោះនាងទៅលើគ្រែហើយ​បោះ​ពួក​អ្នក​ដែលប្រព្រឹត្ដ​អំពើ​ផិតក្បត់ជាមួយនាងទៅក្នុងសេចក្ដីវេទនាជាខ្លាំងលើកលែងតែ​ពួកគេ​ប្រែចិត្ដ​ពី​ការប្រព្រឹត្ដិ​​របស់​នាង 23យើងនឹង​សម្លាប់​កូន​ចៅ​របស់​នាងរីឯក្រុមជំនុំទាំងអស់នឹងដឹងថាយើង​នេះ​ហើយ​ដែល​ឈ្វេងយល់​ពី​ចិត្ដគំនិតហើយ​យើង​នឹង​សងអ្នករាល់គ្នាតាមការប្រព្រឹត្ដិ​​រៀងៗ​ខ្លួន 24ប៉ុន្ដែអ្នក​ផ្សេងទៀត​ក្នុង​ចំណោម​អ្នករាល់គ្នា​នៅ​ក្រុង​ធាទេរ៉ាដែលមិន​បាន​កាន់តាម​សេចក្ដី​បង្រៀននោះ​គឺ​ដែលមិន​បាន​ស្គាល់សេចក្ដីជ្រៅជ្រះ​របស់​អារក្ស​សាតាំងដូចដែលគេហៅយើង​ប្រាប់​អ្នករាល់គ្នាថា​យើង​នឹង​មិនដាក់បន្ទុក​អ្វី​ទៀតលើអ្នករាល់គ្នាទេ 25ប៉ុន្ដែចូរ​កាន់ខ្ជាប់​សេចក្ដី​ដែល​អ្នករាល់គ្នា​មាន​រហូត​ដល់យើងមកចុះ 26អ្នកណាមានជ័យជម្នះ​ហើយ​បំពេញ​កិច្ចការ​របស់​យើងរហូតដល់ទីបញ្ចប់​យើង​នឹង​ឲ្យអ្នកនោះ​មាន​សិទ្ធិអំណាចលើជនជាតិទាំងឡាយ 27អ្នកនោះ​នឹង​គ្រប់គ្រងពួកគេដោយដំបងដែក​និង​កម្ទេច​ពួកគេ​ដូចជា​ភាជនៈ​ធ្វើ​ពី​ដីឥដ្ឋ 28គឺដូចដែល​យើង​បាន​ទទួល​សិទ្ធិអំណាច​ពី​ព្រះ​វរ​បិតា​របស់​យើងដែរហើយ​យើង​នឹង​ឲ្យផ្កាយព្រឹកដល់​អ្នក​នោះ 29អ្នកណាមានត្រចៀក​ចូរ​ស្ដាប់​សេចក្ដី​ដែល​ព្រះ​វិញ្ញាណមានបន្ទូល​មក​កាន់​ក្រុមជំនុំទាំងនោះចុះ»។
Copyright information for KhmKCB